Monday, May 1, 2017
ម៉ូសាដ ភាគ០១(ស្ដេចស្រមោល)
ស្ដេចស្រមោល
នៅចុងរដូវក្ដៅឆ្នាំ ១៩៧១ មានព្យុះដ៏កាចសាហាវមួយបានបក់កាត់ឆ្នេរសមុទ្រមេឌីទែរ៉ាណេ ហេីយរលកដ៏ធំនិងខ្ពស់ជាច្រើនបានវាយបោកមកលេីឆ្នេរសមុទ្រ ហ្គាហ្សា។ អ្នកនេសាទត្រីជនជាតិអារ៉ាប់នៅតំបន់នោះបានឡើងគោកនៅតាមឆ្នេរសមុទ្រដោយប្រុងប្រយ័ត្ន ព្រោះវាមិនមែន ជាថ្ងៃល្អដែលពួកគេត្រូវប្រឈមនិងព្យុះសមុទ្រដ៏គ្រោះថ្នាក់នោះទេ។ ពួកគេបានសម្លឹងមើលដោយការភ្ញាក់ផ្អើលនៅពេលឃើញទូកដ៏ឃ្លីងឃ្លោងមួយបានផុសឡើងមួយរំពេច ចេញពីរលកដែលមានសម្លេងគគ្រេង ហើយបានចូលចតយ៉ាងប្រញាប់ប្រញាល់លេីល្បាប់ខ្សាច់។ មានជនជាតិ ប៉ាឡេស្ទីនពីរបីនាក់ ដែលស្លៀកពាក់និងក្រមាជួតក្បាលរបស់ពួកគេ ញក់ញី និងទទឹកជោកបានហក់ចុះមក ហេីយបានដេីរលុយទឹកកាត់មាត់ឆ្នេរ។ ពុកមាត់មិនទាន់កោរនៅលេីមុខរបស់ពួកគេ បង្ហាញពីការអស់កម្លាំងក្រោយពីការធ្វេីដំណេីរអស់រយះពេលដ៏យូរនៅលេីសមុទ្រ ប៉ុន្តែពួកគេមិនទាន់ឈប់សម្រាកទេ ពួកគេបានព្យាយាមរត់គេចពីតាមការសម្លាប់។ ចេញពីសមុទ្រដែលពោរពេញដោយកំហឹង នាវាផ្ទុកគ្រាប់បែកអីុស្រាអែលមួយគ្រឿងបានផុសចេញមកដេញតាមពួកគេក្នុងល្បឿនយ៉ាងលឿន ហេីយក្នុងនាវានោះផ្ទុកទៅដោយទាហានក្នុងឯកសណ្ឋានប្រយុទ្ធជាច្រើនរូប។ ខណៈពេលដែលនាវារំកិលមកក្បែរច្រាំង ពួកទាហានបានហក់ចុះពីលេីនាវា ហេីយបេីកការបាញ់ប្រហារទៅលេីពួកប៉ាឡេស្ទីនដែលកំពុងតែរត់គេចខ្លួនទាំងនោះ។ គូស្នេហ៍វ័យក្មេងមួយគូ ដែលកំពុងលេងនៅលេីឆ្នេរក្នុងតំបន់ហ្កាហ្សា បានរត់សំដៅមកពួកប៉ាឡេស្ទីន ហេីយនាំពួកគេចូលកន្លែង សុវត្ថិភាពក្នុងចំការផ្លែឈើក្បែរនោះ។ ទាហានអីុស្រាអែលបានបាត់ដានរបស់ពួកប៉ាឡេស្ទីនទាំងនោះ ប៉ុន្តែពួកគេនៅតែបន្តព្យាយាមរុករកនៅតាមឆ្នេរបន្តទៀត។
យប់ជ្រៅបន្តិច ក្មេងប្រុសជំទង់ប៉ាឡេស្ទីនម្នាក់កាន់កាំភ្លើងអាកាមួយដេីម ចូលក្នុងចំការផ្លែឈេីដេីម្បីតាមរក។ គេក៏ឃើញអ្នករត់គេចខ្លួនដេកក្រវៀនជាមួយគ្នានៅជ្រុងចំការ ដូចនេះក្មេងប្រុសក៏សួរ “ តេីពួកបងជានរណា? ” ពួកគេឆ្លើយ ÷ សមាជិករណសិរ្សប្រជាមានិតដេីម្បីរំដោះប៉ាឡេស្ទីនមកពីជំរុំភៀសខ្លួន ថាយ(Tyre) ក្នុងប្រទេសលីបង់។
យុវជននិយាយ ÷ “សួស្តី សូមស្វាគមន៍! ”
“តេីបងស្គាល់មេបញ្ជាការរបស់យេីងលោកអាប៊ូ សេហ្វ? គាត់បញ្ជូនពួកយើងអោយមកជួបមេបញ្ជាការរណសិរ្សនៅ បេដ ឡាហីយ៉ា (មូលដ្ឋានកាន់កាប់ដ៏រឹងមាំមួយរបស់ភេរវករនៅភាគខាងត្បូងតំបន់ហ្កាហ្សា)។ យើងមានលុយនិងអាវុធ ហើយយើងចង់រៀបចំប្រតិបត្តិការរបស់ពួកយើង។”
ក្មេងប្រុសនោះនិយាយ ÷ “ខ្ញុំនិងជួយពួកបងរឿងនេះ”
ព្រឹកថ្ងៃបន្ទាប់ពួកភេវរករជាច្រើននាក់ប្រដាប់ដោយអាវុធបាននាំអ្នកមកដល់ថ្មីទៅកាន់ផ្ទះដាច់ដោយឡែកមួយនៅក្នុងជំរុំភៀសខ្លួន ចាបាឡា។ ពួកគេត្រូវបាននាំទៅកាន់បន្ទប់ដ៏ធំមួយ ហេីយត្រូវបានអញ្ជើញឱ្យអង្គុយចុះ។ បន្ទិចក្រោយមកមេបញ្ជាការរណសិរ្សដែលពួកគេចង់ជួបបានដេីរចូលមក។ ពួកគេបានធ្វើការស្វាគមន៍គ្នាយ៉ាងកក់ក្តៅទៅវិញទៅមកជាមួយបងប្អូនលីបង់ របស់ពួកគេ ហើយបានអង្គុយទល់មុខគ្នា។
“តេីយេីងអាចាប់ផ្តើមបានហើយឬនៅ?” បុរសវ័យក្មេងមានមាឌក្រអាញក្បាលទំពែក ជួតក្រមាពណ៌ក្រហម ដែលទំនងជាមេដឹកនាំក្រុមលីបង់ បានសួរ “ គ្រប់គ្នានៅទីនេះអស់ហេីយឬនៅ? ” “អ្នកទាំងអស់គ្នា”
បុរសជនជាតិលីបង់បានលេីកដៃឡេីង រួចក្រឡេកមើលនាឡិការបស់គាត់។ វាជាសញ្ញាដែលបានរៀបចំទុកជាមុន។ ភ្លាមនោះ “បេសកជនជនជាតិលីបង់”ក៏បានដកកាំភ្លើងដៃរបស់ពួកគេ រួចបេីកការបាញ់ប្រហារ រយះពេលមិនដល់១នាទីផង ពួកភេរវករមកពីបេដ ឡាហីយ៉ា បានបាត់បង់ជីវិត។ “ពួកលីបង់”បានរត់ចេញក្រៅផ្ទះ ហេីយរត់សំដៅតាមច្រកផ្លូវក្រវេចក្រវៀននៃជំរុំ ជនភៀសខ្លួន ចាបាឡា និងកាត់ហ្វូងមនុស្សកកកុញនៅតំបន់ហ្កាហ្សា រួចបន្តឆ្លងចូលដែនដីអីុស្រាអែលជាបន្ទាន់។ ល្ងាចថ្ងៃនោះបុរសម្នាក់ដែលជួតក្រមាពណ៌ក្រហមគឺជាលោកអនុសេនីយ៍ឯក ម៊ែរ ដាហ្គា Meir Dagan មេបញ្ជាការនៃកងអង្គភាពកងកុម្ម៉ង់ដូសម្ងាត់រីម៉ន់ Rimon Commando Unit របស់កងកម្លាំងការពារជាតិអីុស្រាអែល Isreal Defense Forces បានរាយការណ៍ទៅឧត្ដមសេនីយ៍ អារៀល ហ្សារន Areil Sharon ថាប្រតិបត្តិការ ឆាមីលីន Operation Chameleon បានជោគជ័យហេីយ។ ពួកមេដឹកនាំរណសិរ្សទាំងអស់នៃរណសិរ្សប្រជាជន បេដ ឡាហីយ៉ា ដែលជាក្រុមភេរវករកាប់សម្លាប់យ៉ាងកាចសាហាវត្រូវបានសម្លាប់ចោលអស់ហើយ។ ដាហ្គាន ទើបតែមានអាយុ២៦ឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែបានក្លាយទៅជាអ្នកប្រយុទ្ធដ៏ល្បីម្នាក់រួចទៅហើយ។ គាត់បានរៀបចំសម្រាប់ប្រតិបត្តិការទាំងស្រុងដូចជា÷ការក្លែងខ្លួនជាក្រុមភេរវករលីបង់ ការជិះនាវាចាស់១គ្រឿងពី Ashdod កំពង់ផែមួយនៅអីុស្រាអែល ការលាក់ខ្លួនពេញមួយយប់ ការជួបជាមួយពួកមេដឹកនាំភេរវកម្ម និងច្រកគេចខ្លួនបន្ទាប់ពីការវាយប្រហារ។ គាត់ថែមទាំងបានរៀបចំឨ្យមានការដេញចាប់ក្លែងក្លាយពីសំណាក់ទូកចម្បាំងអីុស្រាអែលទៀតផង។ លោក ដាហ្គាន គឺជាទ័ពឈ្លបដ៏ខ្លាំងពូកែ មោះមុត និងឆ្លាតវៃមួយរូប មិនមែនជាមនុស្សងាប់ក្រឡាផុងខ្លួននៅក្នុងសមរភូមិឡើយ។ លោក យីតហ្សាក់រ៉ាប៊ីន Yitzak Rabin បាននិយាយថា ÷ “ ម៊ែរមានសមត្ថភាពពិសេសមួយ គឺសមត្ថភាពអាចបង្កើតប្រតិបត្តិការប្រឆាំងភេរវកម្មដែលមេីលទៅហាក់ដូចជាខ្សែភាពយន្តដ៏រន្ធត់មួយអីចឹង។”
អនាគតប្រធានភ្នាក់ងារស៊ើបការណ៍សម្ងាត់ម៉ូសាដ លោក ដេនី យ៉ាទុម Danny Yatom បានរំលឹកថា ដាហ្គាន ជាបុរសមាឌក្រអាញម្នាក់ មានសក់ពណ៌ត្នោត ដែលបានស្នើសុំចូលជាសមាជិកកងកុម្ម៉ង់ដូអីុស្រាអែលដ៏ល្បីល្បាញឈ្មោះ សាយ៉ារ៉េត ម៉ាកាល Sayeret Matkal ហើយបានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍និងជំនាញគប់កាំបិតរបស់គាត់។ គាត់អាចគប់សម្លាប់លេីគោលដៅណាមួយដែលគាត់សំដៅទៅ ជាមួយនិងកាំបិតកុម្ម៉ង់ដូដ៏ធំរបស់គាត់។ ទោះបីជាគាត់ជាអ្នកបាញ់ត្រង់ម្នាក់ក៏ពិតមែន តែគាត់បានធ្លាក់ក្នុងការប្រលងចូលជាភ្នាក់ងារ សាយ៉ារ៉េត ម៉ាកាល ហេីយត្រូវបានប្រគល់មេដៃស្លាបប្រាក់ទាហានឆត្រយោងជូនជាការលេីកទឹកចិត្ត។
នៅដេីមទសវត្សរ៍ទី៧០ គាត់ត្រូវបានបញ្ជូនទៅកាន់តំបន់ហ្កាហ្សា ដែលត្រូវបានវាយកាន់កាប់បានដោយដោយអីុស្រាអែលក្នុង សង្រ្គាម៦ថ្ងៃ Six-day war នៅឆ្នាំ១៩៦៧ ជាសំបុកនៃសកម្មភាពភេរវកម្មអត្តឃាតដ៏សាហាវព្រៃផ្សៃមួយ។ ពួកភេរវករប៉ាឡេស្ទីនបានសម្លាប់ជនជាតិអីុស្រាអែលរៀងរាល់ថ្ងៃនៅតំបន់ហ្កាហ្សា បំផ្ទុះគ្រាប់បែក ដាក់ជាតិផ្ទុះ និងបាញ់សម្លាប់ដោយកាំភ្លើងក្នុងដែនដីអីុស្រាអែល។ កងការពារអីុស្រាអែល បានកាន់កាប់តំបន់ទាំងមូល ប៉ុន្តែបាត់បង់ការគ្រប់គ្រងលេីអំពេីហឹង្សានៅក្នុងជំរំជនភៀសខ្លួន។ នៅថ្ងៃទី ០២ ខែមករា ឆ្នាំ១៩៧១ ពេលដែលក្មេងស្លូតបូតនៅតំបន់ អារ៉ូយ៉ូ Arroyo ឈ្មោះអាវីហ្គាល Avigail អាយុ៥ឆ្នាំ និងក្មេងអាយុ៨ឆ្នាំម្នាក់ទៀតឈ្មោះ ម៉ាក Mark ត្រូវបានផ្ទុះបែកជាបំណែកៗ នៅពេលដែលពួកភេរវករបានគប់គ្រាប់បែកចូលក្នុងរថយន្ដរបស់ពួកគេ។ កត្តានេះហើយបានធ្វើឲ្យលោកឧត្ដមសេនីយ៍ អារៀល ហ្សារន សម្រេចចិត្តថា ត្រូវតែបញ្ចប់ការសម្លាប់យ៉ាងរង្គាលនេះឨ្យបានជាដាច់ខាត។ គាត់បានជ្រើសរើសមិត្តចាស់របស់គាត់ពីរបីនាក់ ដែលធ្លាប់ជាយុវជនប្រឡូកក្នុងសមរភូមិសង្រ្គាមជាមួយគាត់ បូកផ្សំជាមួយទាហានក្មេងៗ ដែលមានទេពកោសល្យជាច្រើនរូបទៀត ម្នាក់ក្នុងចំណោមនោះគឺ ដាហ្គាន ។ គាត់មានមុខមូល រាបទាប និងជាទាហានដ៏មាំមួន តែមានដំណើរខ្ជេីចៗដោយសារគាត់បានដេីរកាត់ចំការមីនក្នុងអំឡុងសង្គ្រាម៦ថ្ងៃ ។ ពេលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ សូរូកា Soroka នៅ ប៊ៀរ-ស្សាវ៉ា Beer - Sheva គាត់បានលង់ស្នេហ៍ជាមួយគិលានុបធ្ធាយិកាម្នាក់ឈ្មោះ ប៊ីណា Bina ហើយពួកគេបានរៀបការបន្ទាប់ពីគាត់ បានជាសះស្បើយ។ អង្គភាពរបស់លោកហ្សារន
មិនត្រូវបានប្រកាសជាផ្លូវការទេ។ បេសកកម្មរបស់អង្គភាពនេះ គឺដើម្បីបោសសម្អាតក្រុមអង្គការភេរវកម្មក្នុងតំបន់ហ្កាហ្សា ដោយវិធីសាស្ត្រខុសពីប្រក្រតី និងប្រថុយគ្រោះថ្នាក់បំផុត។ ដាហ្គាន ធ្លាប់ដេីរត្រាច់ចរទៅមកដើម្បីក្ដាប់ស្ថានការណ៍នៅតំបន់ហ្កាហ្សា ជាមួយនឹងឈេីច្រត់១ដេីម ឆ្កែមួយក្បាល កាំភ្លើងខ្លីពីរបីដេីម និងកាំភ្លើងយន្តធុនតូចមួយចំនួន។ អ្នកខ្លះលេីកឡេីងថា ធ្លាប់ឃើញគាត់ក្លែងខ្លួនជាជនជាតិអារ៉ាប់ ជិះលាយ៉ាងរីករាយនៅតាមច្រកផ្លូវក្រវេចក្រវៀនប្រកបដោយគ្រោះថ្នាក់ក្នុងតំបន់ហ្កាហ្សា។ ពិការភាពមិនអាចបង្អាក់ការតាំងចិត្តរបស់គាត់ មិនឱ្យធ្វើការងារប្រកបដោយគ្រោះថ្នាក់បានឡើយ។ ការយល់ឃើញរបស់គាត់សាមញ្ញបំផុតថា “ មានសត្រូវជាច្រើន គឺពួកអារ៉ាប់ចិត្តអាក្រក់ដែលចង់សម្លាប់ពួកយើង ដូច្នេះយើងត្រូវសម្លាប់ពួកគេមុន។”
ក្នុងអង្គភាពនេះដែរ ដាហ្គាន បានបង្កើតក្រុមមួយឈ្មោះថា រីមន “Rimon” ជាកងកុម្ម៉ង់ដូសម្ងាត់ទី១របស់ប្រទេសអីុស្រាអែល ដែលប្រតិបត្តិការនៅក្នុងប្រទេសអារ៉ាប់តាមរយៈការបង្កប់ខ្លួនចូលយ៉ាងជ្រៅទៅក្នុងតំបន់កាន់កាប់ដ៏រឹងមាំរបស់សត្រូវ។ ដេីម្បីចល័តបានដោយសេរីនៅក្នុងចំណោមហ្វូងមនុស្សអារ៉ាប់ និងឆ្ពោះទៅគោលដៅដោយមិនឱ្យគេដឹង ពួកគេត្រូវតែប្រតិបត្តិការដោយការបន្លំខ្លួន។ ពួកគេត្រូវបានគេស្គាល់យ៉ាងឆាប់រហ័សថា “ កងវាយលុករបស់ Arik Arik’s hit team” ហេីយ ពាក្យចចាមអារ៉ាមបានលេចឮថា ពួកគេតែងតែសម្លាប់ពួកភេរវករដែលចាប់បានដោយវិធីត្រជាក់បំផុត។ ពេលខ្លះមានគេនិយាយថា ពួកគេបាននាំខ្លួនភេវរករទៅកាន់ទីងងឹត រួចប្រាប់ពួកភេរវករទាំងនោះថា “ឯងមានពេល២នាទីដេីម្បីគេចខ្លួន” នៅពេលពួកភេរវករព្យាយាមរត់គេច ពួកគេបាញ់សម្លាប់ពួកទាំងនោះចោលភ្លាម។ ពេលខ្លះគេទុកកាំបិតស្នៀត ឬក៏កាំភ្លើងចោលនៅលេីដី ពេលដែលពួកភេរវករទាំងនោះសំដៅទៅរេីស ពួកគេត្រូវបាញ់សម្លាប់នៅហ្នឹងកន្លែងតែម្តង។ អ្នកកាសែតខ្លះសរសេរថា ជារៀងរាលព្រឹក ដាហ្គាន តែងតែចេញមកទីវាលខាងក្រៅ ប្រេីដៃម្ខាងសម្រាប់នោម និងដៃម្ខាងទៀតសម្រាប់បាញ់សំបកកំប៉ុងកូកា។ ដាហ្គាន បានច្រានចោលព័ត៌មានទាំងនោះដោយនិយាយថា “ វាមានរឿងជាច្រើនដែលនិយាយជាប់ពាក់ព័ន្ធនឹងពួកយេីង ប៉ុន្តែអ្វីដែលបានសរសេរភាគច្រើន គឺជារឿងមិនពិតទេ។”
កងកុម្ម៉ង់ដូតូចៗរបស់អីុស្រាអែលជាច្រើន កំពុងតែវាយប្រយុទ្ធយ៉ាងស្វិតស្វាញ តឹងតែង និងប្រថុយជីវិតជារៀងរាល់ថ្ងៃ។ ស្ទើរតែរាល់យប់មនុស្សរបស់ដាហ្គាន ស្លៀកពាក់ជាមនុស្សស្រី ឬក៏ក្លែងខ្លួនជាអ្នកនេសាទ ហេីយតាមស្វែងរកមនុស្សដែលជាមុខសញ្ញាភេវរករ។ នៅពាក់កណ្តាលខែមករា ឆ្នាំ១៩៧១ ការក្លែងបន្លំជាពួកភេរវករអារ៉ាប់នៅភាគខាងជើងតំបន់ហ្កាហ្សា ពួកគេបានបញ្ឆោតសមាជិកក្រុម ហ្វាតា Fatah ឱ្យចូលក្នុងអន្ទាក់ ហេីយក្នុងការផ្ទុះអាវុធនោះ ពួកភេរវករ ហ្វាតា ត្រូវបានសម្លាប់។ នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ១៩៧៩ ពេលនោះក្នុងសម្លៀកបំពាក់ឯកសណ្ឋាន ដាហ្គាន និងមនុស្សរបស់គាត់ធ្វើដំណើរក្នុងរថយន្តហ្ស៊ីប Jeep ២គ្រឿងទៅកាន់ជាយជំរំភៀសខ្លួន ចាបាលីយ៉ា Jabalia ( ជំរំជនភៀសខ្លួនប៉ាឡេស្ទីន)។ តាមផ្លូវគេប្រទះឃើញឡានតាក់ស៊ីមួយគ្រឿង រំពេចនោះដាហ្គាន បានចំណាំបានថា ក្នុងចំណោមអ្នកដំណេីរទាំងនោះ មានភេវរករដ៏ល្បីឈ្មោះម្នាក់ ឈ្មោះអាប៊ូ នីម៊ែរ Abu Nimer។ គាត់បានបញ្ជាឱ្យឈប់ឡាន ហេីយទាហានរបស់គាត់បានឡោមព័ទ្ធរថយន្តតាក់ស៊ីនោះ។ ដាហ្គាន បានដេីរសំដៅមក ហេីយភ្លាមនោះអាប៊ូ នីម៊ែរ បានរត់ចេញពីក្នុងឡានតាក់ស៊ី ហើយបានលូកយកគ្រាប់បែកដៃ សម្លឹងមើលមកដាហ្គាន រួចក៏ទាញគន្លឹះគ្រាប់បែកចេញ “ គ្រាប់បែក !” ដាហ្គាន បានស្រែក ប៉ុន្តែជំនួសការស្រែកដេីម្បីឨ្យគ្រប់គ្នាក្រាបចុះ គាត់បានហក់ទៅពីលេីបុរសម្នាក់នោះដោយសង្កត់គេជាប់ រួចដណ្តើមគ្រាប់បែកចេញពីដៃគេ។ សកម្មភាពបែបនេះរបស់គាត់ ត្រូវបានផ្ដល់រង្វាន់ មេដៃនៃភាពក្លាហាន Medal of courage។ ហេតុការណ៍នេះ ត្រូវបានគេនិយាយតៗគ្នាថា បន្ទាប់ពីដណ្តើមហើយ ដាហ្គាន បានសម្លាប់ អាប៊ូនីម៊ែរ ដោយដៃទទេរបស់គាត់។
ច្រើនឆ្នាំក្រោយមក នៅក្នុងបទសម្ភាសន៍ដ៏កម្រមួយជាមួយអ្នកកាសែតអីុស្រាអែលម្នាក់ឈ្មោះ រ៉ន ឡេះហ៊េម Ron Leshem លោកដាហ្គាន បាននិយាយថា រីមន មិនមែនជាក្រុមប្រយុទ្ធទេ មិនមែនជាក្រុមឧទ្ទាមលោកខាងលិចទេ ( Wild West ) ដែលម្នាក់ៗប្រុងជើងការដេីម្បីរំលោភបំពានរួចជាស្រេច។ យើងមិនដែលបំពានស្ត្រីភេទ និងកុមារ… យេីងវាយប្រហារតែឃាតករសាហាវព្រៃផ្សៃតែប៉ុណ្ណោះ។ យើងវាយប្រហារពួកគេដេីម្បីបន្លាចអ្នកដទៃផ្សេងទៀត។ ដេីម្បីការពារសុវត្ថិភាពរបស់ពលរដ្ឋ ពេលខ្លះរដ្ឋត្រូវធ្វើរឿងជាច្រើន ដែលផ្ទុយទៅនឹងឥរិយាបថប្រជាធិបតេយ្យ។ ការពិតណាស់ដែលដែលថាក្នុងអង្គភាពដូចពួកយេីង លក្ខណៈខាងក្រៅអាចធ្វើអោយមានការយល់ច្រឡំ។ ដូច្នេះហើយអ្នកត្រូវតែច្បាស់ថា មនុស្សរបស់អ្នកត្រូវតែជាមនុស្សដែលមានគុណភាព។ សកម្មភាពដ៏កខ្វក់បំផុត ត្រូវការមនុស្សដែលស្មោះត្រង់បំផុតមកធ្វើ។
ប្រជាធិបតេយ្យ ឬក៏អត់ លោកហ្សារន លោកដាហ្គាន និងមិត្តរួមការងាររបស់គាត់ បានកម្ទេចចោលពួកភេរវកម្មជាច្រើននៅតំបន់ហ្កាហ្សា ហេីយជាច្រើនឆ្នាំតរៀងមកតំបន់នោះបានក្លាយជាកន្លែងស្ងប់ស្ងាត់ និងសន្តិភាព។ ប៉ុន្តែអ្នកខ្លះបានអះអាងថាលោកហ្សារន បាននិយាយលាយឡំជាមួយនឹងការលេងសើចពីជំនួយការដ៏ស្មោះត្រង់របស់គាត់ថា “ជំនាញពិសេសរបស់ម៊ែរ Meir គឺផ្ដាច់កររបស់ពួកអារ៉ាប់ចេញពីខ្លួនរបស់គេ។”
ប៉ុន្តែមនុស្សតិចតួចប៉ុណ្ណោះដែលស្គាល់លោកដាហ្គានពិតប្រាកដ។ គាត់ឈ្មោះ ម៊ែរ ហូប៊ឺមែន Meir Huberman កេីតនៅឆ្នាំ១៩៤៥ក្នុងរទេះភ្លើងមួយជាយក្រុង ហឺស៊ាន់ Herson ក្នុងប្រទេសអ៊ុយក្រែន ខណៈពេលដែលគ្រួសាររបស់គាត់រត់គេចខ្លួនពីសីុប៊ឺរី Siberia ទៅកាន់ប៉ូឡូញ Poland។ សមាជិកគ្រួសាររបស់គាត់ភាគច្រើនបានបាត់បង់ជីវិតនៅក្នុងរបបសម្លាប់រង្គាល Holocaust។ លោកម៊ែរ បានភៀសខ្លួនទៅអីុស្រាអែលជាមួយឪពុកម្តាយរបស់គាត់ ហេីយធំដឹងក្តីនៅតំបន់ដ៏ក្រីក្រមួយឈ្មោះឡត lod ជាក្រុងដ៏ចំណាស់មួយនៃប្រទេសអារ៉ាប់ចម្ងាយប្រហែល១៥ម៉ាល(២៤គីឡូម៉ែត្រ) ភាគខាងត្បូងទីក្រុង តែល អាវីវ Tel Aviv ។ មនុស្សជាច្រើនស្គាល់គាត់ថា ជាអ្នកប្រយុទ្ធដ៏ខ្លាំងពូកែម្នាក់ មនុស្សតិចតួចណាស់ដែលដឹងពីអាថ៌កំបាំងនៃចំណង់ចំណូលចិត្តរបស់គាត់ ថាជាអ្នកអន្ទះសាចង់អានសៀវភៅប្រវត្តិសាស្ត្រជាខ្លាំង ជាអ្នកហូបអាហារបួស ជាអ្នកចូលចិត្តតន្ត្រីបុរាណ និងការគូសគំនូរ និងឆ្លាក់រូប។
គាត់គឺជាមនុស្សម្នាក់ដែលត្រូវបានតាមលងបន្លាច តាំងពីក្មេងដោយសេចក្តីឈឺចាប់ដ៏អាក្រក់ចំពោះក្រុមគ្រួសាររបស់គាត់ និងជនជាតិជ្វីហ្វនៅអំឡុងរបបសម្លាប់រង្គាល។ គាត់ប្ដេជ្ញាបូជាជីវិតរបស់ខ្លួនដេីម្បីការពាររដ្ឋអីុស្រាអែល State of Israel ដែលទើបតែបង្កើតថ្មី។ រាល់ពេលឡើងឋានៈក្នុងជួរយោធា រឿងដំបូងដែលគាត់តែងតែធ្វើនៅការិយាល័យថ្មីរបស់គាត់ គឺព្យួរលេីជញ្ជាំងនូវរូបភាពជនជាតិជ្វីហ្វវ័យចំណាស់ម្នាក់ជួតក្រមាបួងសួងរបស់គាត់ ហេីយលត់ជង្គង់នៅមុខទាហានណាសីុពីរនាក់ ម្នាក់កាន់ដំបង ហេីយម្នាក់ទៀតកាន់កាំភ្លើង។ ដាហ្គាន តែងតែប្រាប់អ្នកមកលេងថា “បុរសចំណាស់ម្នាក់ក្នុងរូបភាពនោះ ជាជីតាខ្ញុំ” “ខ្ញុំក្រឡេកមើលរូបភាពនោះ ខ្ញុំដឹងថា ពួកយើងត្រូវតែខ្លាំង ហើយអាចការពារខ្លួនឯងបាន ដូច្នេះយើងមិនចាំបាច់ព្រួយបារម្ភថារបបសម្លាប់រង្គាល នឹងកេីតឡើងវិញម្តងទៀតទេ។”
បុរសចំណាស់ម្នាក់នោះ គឺជាជីតារបស់ដាហ្គាន ពិតប្រាកដមែន។ គាត់ឈ្មោះប៊ឺ អឺឡិក ស្លូស្នី Ehrlich Sluahini ដែលត្រូវបានគេលបធ្វើឃាតនៅឡូកូវ Luko v ប៉ុន្មានវិនាទីបន្ទាប់ពីរូបនេះត្រូវបានថត។
អំឡុងពេលសង្គ្រាមយ៉ូម គីបពួរ Yom Kippur ក្នុងឆ្នាំ១៩៧៣ លោកដាហ្គាន ជាមនុស្សម្នាក់ក្នុងចំណោមទ័ពអីុស្រាអែលដំបូង ដែលបានឆ្លងកាត់កាត់ព្រែកជីកស៊ុយអេ Suez Canal ក្នុងកងឈ្លបយកការណ៍ពិសេសមួយ។ ក្នុងឆ្នាំ១៩៨២ សង្រ្គាមលីបង់ Lebanon War គាត់បានដឹកនាំកងពលតូចរបស់គាត់ចូលទីក្រុងប៊ឺរ៉ូត Beirut។ មិនយូរប៉ុន្មាន គាត់បានក្លាយជាមេបញ្ជាការតំបន់សុវត្ថិភាពលីបង់ខាងត្បូង South Lebanon ជាកន្លែងដែលទាហានឈ្លបប្រថុយគ្រោះថ្នាក់ ដែលកេីតចេញពីទាហានឯកសណ្ឋានកងវរសេនីយ៍ឯក។ គាត់បានធ្វើឲ្យមានឡើងវិញនូវគោលការណ៍មួយចំនួនដូចជា ការសម្ងាត់ ការបន្លំឯកសារ និងការបំភ័ន្តសមាសភាពគាត់នៅក្នុងតំបន់កាហ្សា។ ទាហានគាត់ បានឨ្យឈ្មោះថ្មីដ៏មេបញ្ជាការដ៏អាថ៌កំបាំងរបស់ពួកគេថា “ស្ដេចស្រមោល”។ ការរស់នៅលីបង់ ការចងសម្ព័ន្ធមិត្តជាសម្ងាត់ ការលាក់ពុត ភាពសាហាវព្រៃផ្សៃ សង្រ្គាមផ្លូវងងឹត គឺជាកន្លែងមួយដែល គាត់ស្គាល់ច្បាស់បំផុត។ គាត់និយាយថា “សូម្បីតែមុនពេលកងពលតូចរថពាសដែករបស់ខ្ញុំលុកលុយប៊ឺរ៉ូត” “ខ្ញុំស្គាល់ទីក្រុងនេះច្បាស់ណាស់។” ហេីយបន្ទាប់ពីសង្រ្គាមនៅលីបង់ បានចប់ គាត់មិនបានបោះបង់ចោលការផ្សងព្រេងដ៏សម្ងាត់របស់គាត់ទេ។ នៅឆ្នាំ១៩៨៤ គាត់ត្រូវបានស្ដីបន្ទោសជាសាធារណៈដោយ សេនាធិការកងទ័ពជាតិ Chief of Staff លោកម៉ូសេឡឺវី Moshe Levy លេីរឿងដេីរលំហែស្លៀកពាក់ដូចជនជាតិអារ៉ាប់ក្បែរទីបញ្ជាការពួកភេរវកម្ម បាហ៊ាមដូន Bahamdoun។
នៅអំឡុងពេល អីុនទីហ្វាដា Intifada ( ការប្រឆាំងបះបោររបស់ជនជាតិប៉ាឡេស្ទីន នៅឆ្នាំ ១៩៨៧ ដល់ឆ្នាំ ១៩៩៣ ) ខណៈពេលដែលគាត់ត្រូវបានផ្លាស់ទៅតំបន់ វេស ប៊េង West Bank ក្នុងងារជាទីប្រឹក្សារបស់សេនាធិការកងទ័ពជាតិលោក អីុហូត បារ៉ាក់ Ehud Barak លោកដាហ្គាន នៅតែប្រេីទម្លាប់ចាស់របស់គាត់ដដែល ហេីយថែមទាំងបញ្ចុះបញ្ចូលឨ្យលោកបារ៉ាក់ ចូលរួមជាមួយគាត់ទៀតផង។ ពួកគេទាំងពីរនាក់ស្លៀកពាក់ឈុតខាងក្រៅដូចជនជាតិប៉ាឡេស្ទីនអីចឹង រួចជិះរថយន្តម៉ាកហ្សឺដេស Mercedes ពណ៌ខៀវខ្ចី១គ្រឿង ផ្លាកលេខក្នុងតំបន់ ហេីយបេីកឆ្វែលក្នុងតំបន់ណាប្លឺសកាសបាស Nablus Kasbah ដ៏គ្រោះថ្នាក់។ តាមផ្លូវត្រឡប់មកវិញ ពួកគេបានបន្លាច និងបានធ្វើឪ្យភ្ញាក់ផ្អើលដល់ទាហានកំពុងយាមនៅទីបញ្ជាការកងទ័ព ដែលបន្តិចក្រោយមក ទើបចំណាំបានថា អ្នកណាកំពុងអង្គុយនៅខាងមុខ។
ក្នុងឆ្នាំ១៩៩៥ លោកដាហ្គាន ឥឡូវនេះ គឺជានាយឧត្តមសេនីយ៍ឯក បានចាកចេញពីជួរកងទ័ព ហេីយទៅចូលរួមជាមួយសម្លាញ់របស់គាត់ យ៉ូសីុប៊ែន -ហាណា Yossi Ben-Hanan ក្នុងដំណើរជិះម៉ូតូរយះពេល១៨ខែឆ្លងកាត់តំបន់ទំនាប់អាសីុ។ ដំណើររបស់ពួកគេ ត្រូវបានបញ្ចប់ទៅវិញយ៉ាងខ្លី ដោយសារដំណឹងពីរឿងឃាតកម្មលេីរូបលោក យីតហ្សាក់ រ៉ាប៊ីន Yitzak Rabin។ ត្រឡប់មកអីុស្រាអែលវិញ លោក ដាហ្គាន បានចំណាយពេលវេលាខ្លះនៅភ្នាក់ងារប្រឆាំងភេរវកម្ម ហេីយមានចិត្តស្ទាក់ស្ទើរចង់រកស៊ីធ្វើជំនួញជាមួយពិភពខាងក្រៅ និងជួយជ្រោមជ្រែងលោក ហ្សារន ក្នុងយុទ្ធនាការឃោសនារបស់បក្ស លីគូត Likud។ បន្ទាប់មកក្នុងឆ្នាំ២០០២ គាត់បានចូលនិវត្តន៍វិលត្រឡប់ទៅស្រុកកំណើតគាត់វិញ នៅ ហ្គាលីឡេ Galilee វិលទៅអានសៀវភៅឯកត្តកម្មរបស់គាត់វិញ វិលទៅក្តារលាបថ្នាំពណ៌ និងពន្លាកចម្លាក់របស់គាត់វិញ។
៣០ឆ្នាំក្រោយការចាកចេញពីតំបន់ហ្កាហ្សា ពេលនេះឧត្តមសេនីយ៍ចូលនិវត្តន៍ម្នាក់នេះ កំពុងតែមានភាពស្និទ្ធស្នាលជាមួយក្រុមគ្រួសាររបស់គាត់ណាស់ “ ពេលខ្ញុំភ្ញាក់ឡើងភ្លាម មានអារម្មណ៍ថា កូនៗរបស់ខ្ញុំធំៗអស់ទៅហើយ ” ពេលទទួលទូរសព្ទពីមិត្តចាស់របស់គាត់ដែលពេលនេះជានាយករដ្ឋមន្ត្រី អារិកហ្សារន Arik Sharon។ ហ្សារន និយាយទៅកាន់មិត្តចាស់វ័យ៥០ឆ្នាំរបស់គាត់ថា “ ខ្ញុំចង់ឨ្យឯងធ្វើជាប្រធានភ្នាក់ងារ ម៉ូសាដ ”។ “ ខ្ញុំត្រូវការប្រមុខ ភ្នាក់ងារម៉ូសាដ ដែលពាំកាំបិតស្នៀតនៅហ្នឹងមាត់របស់គាត់ ”
នៅឆ្នាំ២០០២ ភ្នាក់ងារម៉ូសាដ បានចាប់ផ្តើមបាត់បង់ថាមពលរបស់ខ្លួន។ កំហុសឆ្គងមួយចំនួនកាលពីច្រើនឆ្នាំកន្លងមក បានធ្វើឱ្យប៉ះពាល់ដល់កិត្តិសព្ទរបស់ភ្នាក់ងារនេះជាខ្លាំង។ ការផ្សព្វផ្សាយជាច្រើនអំពីការបរាជ័យក្នុងធ្វេីឃាតមេដឹកនាំសំខាន់ៗរបស់ ហាាម៉ាស Hamas នៅទីក្រុង អាមមែន Amman និងការចាប់ខ្លួនបានភ្នាក់ងារសម្ងាត់អីុស្រាអែល នៅប្រទេស ស្វីស សាធារណៈរដ្ឋ សីុប្រ៊ឺស Cyprus និងប្រទេស ញូវហ្សឺលែន បានបំផ្លាញកេរ្តិ៍ឈ្មោះរបស់ភ្នាក់ងារម៉ូសាដ យ៉ាងធ្ងន់ធ្ងរ។ ប្រធានចុងក្រោយរបស់ភ្នាក់ងារ ម៉ូសាដ លោក អីុហ្វ្រេម ហាឡឺវី Efraim Halevy មិនអាចបំពេញការងារដូចការរំពឹងទុកទេ។ លោក អីហ្វ្រេម ហាឡឺវី ជាអតីតឯកអគ្គរដ្ឋទូតប្រចាំ សហភាពអឺរ៉ុប European Union នៅទីក្រុងប្រ៊ូសសែល Brussels គាត់គឺជាអ្នកការទូត និងជាអ្នកវិភាគដ៏ពូកែម្នាក់ ប៉ុន្តែគាត់មិនមែនជាមេដឹកនាំ និងមិនមែនអ្នកចម្បាំងទេ។ លោក ហ្សារន ចង់បានមេដឹកនាំភ្នាក់ងារ ម៉ូសាដ ដែលប្រកបដោយសេចក្តីក្លាហាន និងគំនិតឆ្នៃប្រឌិត ដែលអាចក្លាយជាអាវុធដ៏គួរឪ្យខ្លាចប្រឆាំងជាមួយពួកភេរវកម្មអីុស្លាម និងក្រុមបង្កជម្លោះអីុរ៉ង់បាន។ លោក ដាហ្គាន មិនត្រូវបានស្វាគមន៍ដោយទីភ្នាក់ងារម៉ូសាដ ទេ។ ជាអ្នកចំណូលថ្មីដែលផ្ដោតការងារភាគច្រើនទៅលេីការងារប្រតិបត្តិការដោយមិនបានយកចិត្តទុកដាក់ច្រើនលេីកិច្ចការវិភាគរបាយការណ៍សម្ងាត់ ឬការដោះដូរជាសម្ងាត់លេីផ្នែកការទូតអ្វីឡើយ។ ជាការប្រឆាំងតប មេដឹកនាំកំពូលៗរបស់ភ្នាក់ងារ ម៉ូសាដ មួយចំនួនបានលាលែងពីតំណែង ប៉ុន្តែលោក ដាហ្គាន មិនបានខ្វល់ខ្វាយច្រើនឡើយ។ គាត់បានបង្កើតអង្គភាពប្រតិបត្តិការជាច្រើនឡើងវិញ ហើយបានបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងភ្នាក់ងារសម្ងាត់នៅឯបរទេស ហេីយមមាញឹកយ៉ាងខ្លាំងជាមួយនឹងការគម្រាមកំហែងរបស់អ៊ីរ៉ង់។ ពេលដែលសង្រ្គាមលេីកទីពីរនៅ លីបង់ បានផ្ទុះឡើងក្នុងឆ្នាំ២០០៦ គាត់គឺជាមេដឹកនាំអីុស្រាអែលតែម្នាក់គត់ ដែលបានជំទាស់នឹងការប្រើប្រាស់យុត្តិសាស្ត្រទម្លាក់គ្រាប់បែកដោយកងទ័ពអាកាស។ គាត់ជឿជាក់លេីការវាយលុកដោយថ្មើរជើង ហេីយមានមន្ទិលសង្ស័យថា ទ័ពអាកាសអាចនឹងយកឈ្នះសង្រ្គាម តែអាចចាកចេញពីសង្រ្គាមដោយមិនបន្សល់ទុកស្លាកស្នាមបានដែរឬទេ។ គាត់ថែមទាំងបានរិះគន់ខ្លាំងៗដោយសារព័ត៌មាន ចំពោះអាកប្បកិរិយាយ៉ាងតឹងរឹងរបស់គាត់ មកលេីមនុស្សក្រោមបង្គាប់របស់គាត់។ ភ្នាក់ងារ ម៉ូសាដ ដែលបានចូលនិវត្តន៍ជាច្រើន បានស្លន់ស្លោរត់ទៅរកសារព័ត៌មានដោយភ្ជាប់ជាមួយនឹងការត្អូញត្អែររបស់ពួកគេផងដែរថា លោក ដាហ្គាន ស្ថិតនៅក្រោមឥទ្ធិពលនៃកំហឹងជាប្រចាំ។
“ ដាហ្គាន ជានរណា? ” សរសេរដោយអ្នកកាសែតនយោបាយដ៏ល្បីឈ្មោះម្នាក់។
មួយថ្ងៃបន្ទាប់មក មាតិកាពត៌មានបានផ្លាស់ប្តូរ អត្ថបទល្អៗជាច្រើនពោរពេញទៅដោយពាក្យលេីកសរសើរ បានលេចឡើងលេីទំព័រការសែតប្រចាំថ្ងៃ សរសេរសរសើរថា “មនុស្សម្នាក់ ដែលស្ដារកេរ្តិ៍ឈ្មោះរបស់ភ្នាក់ងារ ម៉ូសាដ ឡើងវិញ។”
ក្រោមការគ្រប់គ្រងរបស់លោក ដាហ្គាន ភ្នាក់ងារ ម៉ូសាដ បានសម្រេចភារកិច្ច ដែលមិនអាចស្មានដឹងមុនដូចជា÷ការធ្វើឃាតពួកឧទ្ទាម ហីប៊ូឡា Hezbollah ដែលងប់ងល់និងការកាប់សម្លាប់ ឈ្មោះ អីុមេត មូនីយីស ក្នុងទីក្រុង ដាម៉ាស ការបំផ្លាញចោលកម្មវិធីនុយក្លែអ៊ែរបស់ប្រទេសសីុរី ការផ្ដួលរំលំមេដឹកនាំភេរវកម្មសំខាន់ៗនៅលីបង់និងសីុរី ហើយអ្វីដែលគួរឱ្យកត់សំគាល់បំផុតនោះ គឺយុទ្ធនាការឥតឈប់ឈរគ្មានមេត្តា និងជោគជ័យប្រឆាំងនឹងកម្មវិធីផលិតអាវុធនុយក្លែអ៊ែសម្ងាត់ របស់ប្រទេសអ៊ីរ៉ង់។